លោក ប៉ែន ប៊ុនឈួយ ត្រូវបានថ្នាក់ដឹកនាំ ជឿទុកចិត្ត ប្រគល់តួនាទី ជាអភិបាលស្រុកមណ្ឌលសីមា ជំនួសអោយលោក សុខ ភិរម្យ ទៅកាន់តួនាទីថ្មី ស្របតាមអាណត្តិ
លោក ប៉ែន ប៊ុនឈួយ ត្រូវបានថ្នាក់ដឹកនាំ ជឿទុកចិត្ត ប្រគល់តួនាទី ជាអភិបាលស្រុកមណ្ឌលសីមា ជំនួសអោយលោក សុខ ភិរម្យ ទៅកាន់តួនាទីថ្មី ស្របតាមអាណត្តិ
ខេត្តកោះកុង នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកមណ្ឌលសីមាថ្មី លោក ប៉ែន ប៊ុនឈួយ មកកាន់តំណែងថ្មី ជាអភិបាលស្រុកមណ្ឌលសីមា និងលោក ជួនភារ៉េត ជាអភិបាលរងស្រុក។
ក្នុងអង្គពិធី លោកជំទាវ ក៏បានលើកឡើងពី គុណសម្បត្តិនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ច ការងារអភិវឌ្ឍន៍មូលដ្ឋានស្រុក រយៈពេល១អាណត្តិកន្លងមកបានល្អ សាកសមជាមន្ត្រីបំរើរាស្ត្រ យករាស្ត្រជាធំ និងការងារស្នូលរបស់រដ្ឋ ការផ្ទេរភារកិច្ចរបស់លោក សុខ ភិរម្យ នាពេលនេះ គឺដោយសារ
លោកបានបញ្ចប់អាណត្តិការងាររយៈពេល ៤ឆ្នាំ ក្នុងតំណែងជាអភិបាលស្រុក ស្របតាមការកំណត់នៃច្បាប់ស្តីពីការគ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពោលគឺលោក សុខ ភិរម្យ មិនមានកំហុសឆ្គងណាមួយនោះទេ។
ដូច្នេះ សូមលើកទឹកចិត្តឱ្យលោក សុខ ភិរម្យ បន្តខិតខំបំពេញភារកិច្ចថ្មីនៅសាលាខេត្តកោះកុង ដោយប្រើប្រាស់បទពិសោធន៍ និងសមត្ថភាពដែលលោកបានប្រមូលផ្តុំនាពេលកន្លងមក ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តកោះកុង ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ខណៈ:ពេលនោះដែរ លោកជំទាវ ឈី វ៉ា ក៏បានណែនាំដល់លោកអភិបាលស្រុក និងលោកអភិបាលរងស្រុកមណ្ឌលសីមា ដែលទើបឡើងកាន់តំណែងថ្មី ត្រូវរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងបន្តពង្រឹងកិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកវិនិយោគ និងអ្នកប្រកបអាជីវកម្មនៅក្នុងមូលដ្ឋានអោយបានល្អប្រសើ ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងសកម្មភាពខុសច្បាប់ផ្សេងៗ ដោយត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ និងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីការពារប្រជាពលរដ្ឋ និងរក្សាសុវត្ថិភាពសង្គម ក្នុងនោះត្រូវចាត់ចែងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច។
ទី២. ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់សហការចំពោះកិច្ចការពារ និងគ្រប់គ្រងតំបន់ព្រំដែនដោយសារស្រុកមណ្ឌលសីមា មានភូមិសាស្ត្រជាប់ព្រំដែន។។ លោកអភិបាលស្រុកត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងកងកម្លាំងដែលមានភារកិច្ចពាក់ព័ន្ធ ដើម្បីការពារបន្ទាត់ព្រំដែន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែនឱ្យបានល្អប្រសើរ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមាននៅមូលដ្ឋានដោយសន្តិវិធី និងស្របតាមច្បាប់ជាធរមាន។
ទី៣. ត្រូវជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋត្រូវខិតខំប្រើប្រាស់សក្តានុពល និងធនធានដែលមាននៅក្នុងមូលដ្ឋាន ឱ្យក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចស្រុក។ ត្រូវយកចិត្តទុកដាក់លើការគាំទ្រអាជីវកម្ម និងការវិនិយោគស្របច្បាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម និងវិស័យដែលមានសក្តានុពលផ្សេងៗ ដើម្បីបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
និងទី៤. ត្រូវពង្រឹងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជាម្ចាស់នៃសេវាសាធារណៈ និងត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ រហ័ស ត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព។ មន្ត្រីគ្រប់រូបត្រូវមានឥរិយាបថល្អ សុជីវធម៌ និងស្មារតីបម្រើប្រជាពលរដ្ឋ ដោយជៀសវាងរាល់ទង្វើដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈ៕ អត្ថបទ: លោក សេម យន់

