រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
ព្រៃវែង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា(២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦) រំលឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត នៅបរិវេណមុខសាលាខេត្ត ព្រៃវែង។
ពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មរបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង១៣ នាយក នាយិកាសាលាក្នុងក្រុងព្រៃវែង យុវជន ស.ស .យ.ក យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ គរុសិស្ស តំណាងសហគ្រាស គ្រឹះស្ថាន មន្ត្រីរាជការចំណុះសាលាខេត្តជាច្រើនរូបផងដែរ។
ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការកសាងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សា បន្តថា រដ្ឋធម្មនុញ្ញធានាការពារយ៉ាងពេញលេញនូវសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋខ្មែរ ក្រោមម្លប់នៃព្រះរាជបល្ល័ង្ក និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រៃវែង បានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវស្មារតីនីតិរដ្ឋ និងការគោរពរដ្ឋធម្មនុញ្ញជាត្រីមុខ។
ឯកឧត្តម បន្ថែមថា៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ មិនត្រឹមតែជាការរំលឹកខួបប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីអប់រំ ស្មារតីយុវជន ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្លៃ និងអត្ថន័យនៃច្បាប់កំពូលរបស់ជាតិយើង៕

