លោក ចាន់តារា អភិបាលក្រុងក្រុងអរិយក្សត្រ អមតំណើរឯកឧត្តម តាំង ម៉េងលាន ចូលរួមបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលក្ខណៈជាប្រព័ន្ធ ចំនួន២សង្កាត់ ស្មើនឹង៦ភូមិ សង្កាត់ស្វាយជ្រុំ និងសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃវិនិច្ឆ័យជូនប្រជាពលរដ្ឋ ចំនួន៦ភូមិ គឺភូមិលើ ភូមិស្វាយជ្រុំ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិព្រែកល្វា និងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ស្មើនឹង៩,៨៦២ក្បាលដី។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចុកោណ ដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ខ្ពស់ ព័ន្ធព័ន្ធនឹងវិស័យដីធ្លី នឹងជម្រុញការងារចុះបញ្ជីដីធ្លីអោយបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ និងបន្តនាំមកឲ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព។

ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា៖ ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងការបិទផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ។

ឯកឧត្តមបានបន្តទៀតថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង ឯកឧត្តមក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វី ឡើយ។

ក្នុងឱកាសនោះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា៖ ក្រុងអរិយក្សត្រ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ១២លើក ហើយការបិទផ្សាយនាពេលនេះមាន ចំនួន ០៦ភូមិ គឺភូមិលើ ភូមិស្វាយជ្រុំ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិព្រែកល្វា និងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ មានចំនួន៩៨៦២ក្បាលដី។

ព័ត៌មានដែលទាក់ទង