ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់ទទួលបាននិទ្ទេស “A“ ចំនួន ១០៥នាក់ និងប្រគល់ម៉ូតូចំនួន ១០៥ គ្រឿង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់ទទួលបាននិទ្ទេស “A“ ចំនួន ១០៥នាក់ និងប្រគល់ម៉ូតូចំនួន ១០៥ គ្រឿង



ព្រៃវែង៖ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងផ្ដល់អំណោយដ៏ថ្លៃថ្លាជាម៉ូតូចំនួន ១០៥គ្រឿង ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស “A” ចំនួន ១០៥នាក់ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ។ ដែលធ្វើនៅសាលាខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យបន្តរក្សាភាពព្យាយាមនេះបន្តទៀតនៅកម្រិតឧត្តមសិក្សា និងត្រៀមខ្លួនក្លាយជាសរសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ ក្រើនរំលឹកថា ការទទួលបាននិទ្ទេស “A” នាពេលនេះ គឺជាជោគជ័យដំបូងដ៏ត្រចះត្រចង់ប៉ុណ្ណោះ ប៉ុន្តែភារកិច្ច និងឧបសគ្គថ្មីៗនៅកម្រិតឧត្តមសិក្សាកំពុងរង់ចាំនៅខាងមុខ ដែលទាមទារឱ្យមានការតស៊ូព្យាយាមកាន់តែខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍ ណែនាំដល់ក្មួយៗឱ្យចេះជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សាឱ្យបានត្រឹមត្រូវស្របតាមសក្តានុពលផ្ទាល់ខ្លួន ទីផ្សារការងារ និងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យឌីជីថល។  ក្រៅពីចំណេះដឹងទូទៅ និងជំនាញបច្ចេកទេស យុវជនត្រូវតែជាអ្នកដែលមានសីលធម៌ គុណធម៌ សេចក្ដីថ្លៃថ្នូរ និងចេះគោរពពេលវេលា ព្រមទាំងចេះតបស្នងសងគុណដល់មាតាបិតា លោកគ្រូ អ្នកគ្រូ និងសង្គមជាតិ ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តាំផ្ញើដល់ក្មួយៗត្រូវរក្សាខ្លួនឱ្យបានល្អិតល្អន់ ជៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ និងអំពើអបាយមុខផ្សេងៗ ដែលអាចបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។ យុវជនគឺជាកម្លាំងស្នូលដ៏មានតម្លៃ ដូច្នេះត្រូវខិតខំកសាងសមត្ថភាពខ្លួនឯងឱ្យក្លាយជាពលរដ្ឋសកម្ម និងជាទុនមនុស្សដ៏រឹងមាំក្នុងការរួមចំណែកការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនុងអនាគត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេសA ចំនួន១០៥នាក់ ក្នុងមួយនាក់ទទួលបានម៉ូតូ ចំនួន១គ្រឿង ព្រមទាំងថវិកា និងផ្ដល់ជូនថវិកាជូន នាយកសាលាវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២(គ្រូបំប៉ន)ទាំង១៥០នាក់ផងដែរ៕

ព័ត៌មានដែលទាក់ទង